2024-06-27
ទូច សូរិយា
2024-06-27
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលធ្វើឡើងក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ» និងមានអ្នកចូលរួមប្រមាណ២៥០ នាក់។ ទិវាជាតិនេះ រៀបចំឡើងដើម្បីលើកកម្ពស់ និងផ្ដល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)នៅកម្ពុជា ក្នុងការបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម ពង្រីកទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នេះ មានសកម្មភាពជាច្រើន ដូចជា៖ ការតាំងពិព័រណ៍ផលិតផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសសម្រាប់កិច្ចសហការ និងការរីកចម្រើន។
ក្នុងទិវា MSME – Day ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដែលផ្តល់ការគាំទ្រលើវិស័យសំខាន់ៗ រួមមាន៖ ការបង្កើតគោលនយោបាយ ការពង្រឹងលទ្ធភាពទទួលហិរញ្ញប្បទាន ការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ ការលើកកម្ពស់ស្តង់ដារផលិតផល និងការបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។
ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ត្រូវបានសហការដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), EuroCham, Impact Hub, កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ដើម្បីផ្តល់ជាវេទិកាសម្រាប់ការពិភាក្សាលើបញ្ហាប្រឈម ឱកាស និងកត្តាផ្សេងៗ ពិសេសជួយជម្រុញសេដ្ឋកិច្ចជាតិ និងការត្រៀមខ្លួនរបស់ MSMEs កម្ពុជា ឆ្ពោះទៅរកអនាគតដ៏ជោគជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី