2024-06-25
គិត បុប្ផា
2024-06-25
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Minebea Mitsumi ដែលផលិតគ្រឿងអេឡិចត្រូនិកខ្នាតយក្សរបស់ជប៉ុន គ្រោងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ការសម្រេចចិត្តវិនិយោគបង្កើតរោងចក្រទី២ នៅកម្ពុជានេះ ដោយសារការទទួលបានជោគជ័យលើប្រតិបត្តិការរោងចក្រទី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ។
មូលហេតុចម្បងផ្សេងទៀត ដែលក្រុមហ៊ុនជប៉ុន Minebea Mitsumi ដកប្រតិបត្តិការមួយចំនួនចេញពីប្រទេសសិង្ហបុរីមកដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ក៏ព្រោះក្រុមហ៊ុនសម្លឹងឃើញពីភាពទាក់ទាញលើវិស័យថាមពល និងសក្តានុពលនៃការគាំទ្រថាមពលអគ្គិសនីរបស់កម្ពុជា ដោយបច្ចុប្បន្ន កម្ពុជាកំពុងផលិតថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលប់។ នេះជាការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយឯកឧត្តម បន្តថា រោងចក្រដែលនឹងគ្រោងអភិវឌ្ឍន៍លើផ្ទៃដី ៥០ហិកតានេះ នឹងបង្កើតការងារថ្មីរាប់ពាន់កន្លែងដល់យុវជន និងយុវនារីកម្ពុជា។
ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការរោងចក្រទី១ ជាមួយទុនវិនិយោគជាង ៦០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីអំឡុងឆ្នាំ២០១១ លើការផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម។ រោងចក្រទី១ របស់ Minebea Mitsumi បានផ្តល់ការងារដល់យុវជន និងយុវនារីជិត ៧៦០០នាក់ ក្នុងនោះបុរសមានប្រមាណ ៨០០នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី