2024-06-23
ទូច សូរិយា
2024-06-23
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានលើវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រ ឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងពិធីចុះ MOU នៅទីស្តីការក្រសួងព័ត៌មាននេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ «ភាពជាដៃគូនេះ ជាជំហានដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម រួមមាន៖ ការអភិវឌ្ឍវិស័យឧស្សាហកម្ម, សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការផ្គត់ផ្គង់ទឹកស្អាត, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ភាពជាដៃគូចុះ MOU នេះ គឺរួមទាំងការធ្វើមាតិកាព័ត៌មានទាំងឡាយ នឹងផ្តល់សារប្រយោជន៍ដល់សាធារណជនគោលដៅឱ្យបានកាន់តែយល់ដឹងអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពិធីចុះ MOU នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងបន្ថែមថា ក្នុងរយៈពេល១០ខែនេះ ការផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធផលលើវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រ ទៅកាន់សាធារណជននៅមានកម្រិតនៅឡើយ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីតួនាទីរបស់ក្រសួងព័ត៌មាន ក្នុងការគាំទ្រដល់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវការផ្សព្វផ្សាយទូលំទូលាយអំពីសមិទ្ធផលលើវិស័យខាងលើ ក្នុងស្មារតីសហការគ្នា ក្រោមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមការងារនៃក្រសួងទាំងពីរ សហការគ្នាផលិតមាតិកាព័ត៌មានដែលដើរទាន់សភាពការណ៍ និងឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចនិន្នាការនៃចំណីព័ត៌មានក្នុងយុគសម័យថ្មី រួមទាំងការផលិតកម្មវិធី Talk Show ដែលអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវអាចពិភាក្សាលើបញ្ហាសំខាន់ៗ ពិសេសនិន្នាការអនាគតតាមរបៀបដែលសាធារណជនអាចយល់ និងអាចចូលរួមបាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី