2024-06-22
ទូច សូរិយា
2024-06-22
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេស។ បើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោក នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ហិរញ្ញប្បទាននេះ នឹងត្រូវប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន ពង្រឹងជំហរសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។
ធនាគារពិភពលោក បានបញ្ជាក់ថា ឥណទានតម្លៃ ២៧៥លានដុល្លារនេះ ជាឥណទានបន្ថែមពីលើឥណទានដែលមានតម្លៃ ២៧៤លានដុល្លារ ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងខាងលើនៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ ឥណទានថ្មីនេះ នឹងជួយបង្កើតបរិយាកាសអំណោយផលដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួតប្រជែងដោយយុត្តិធម៌។
ចំពោះផ្នែកផ្សេងទៀត ឥណទាននេះនឹងជួយពង្រឹងភាពធន់នៃសារពើពន្ធ តាមរយៈការកែលម្អភាពប្រសិទ្ធផលនៃចំណាយ, កាត់បន្ថយហានិភ័យនៃចំណាយមូលធន, បង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានតាមរយៈសញ្ញាបណ្ណជាតិ។ ជាមួយគ្នានេះ ឥណទានចំនួន២៧៥លានដុល្លារ នឹងជួយសម្រួលដល់ការផ្តល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលា ដល់ក្រុមគ្រួសារងាយរងគ្រោះ ដែលក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច, កែលម្អបទប្បញ្ញត្តិបរិស្ថាន និងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ។
តាមការចុះផ្សាយរបស់ធនាគារពិភពលោក នាថ្ងៃទី២០ មិថុនានេះ កញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារ ជាគម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរាំងស្ទះសេដ្ឋកិច្ចរបស់កម្ពុជា ចេញពីជំងឺរាតត្បាតកូវីដ-១៩។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «បន្ទាប់ពីបានស្តារខ្លួនចេញពីជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ ពេលនេះកម្ពុជា កំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួនឆ្ពោះទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរ ដែលមានគុណភាពខ្ពស់»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី