2024-06-19
គិត បុប្ផា
2024-06-19
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម (SMEs) សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគីដល់ SMEs ប្រទេសទាំងពីរ។
ថ្នាល FTC ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះនៅកម្ពុជា រួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (BAB)។ ចំណែកភាគីសិង្ហបុរី មានធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន SingInvestment & Finance Limited ។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី ការចែករំលែកព័ត៌មាន និងការផ្តល់ហិរញ្ញប្បទានតាមផ្នាល FTC ត្រូវបានផ្តួចផ្តើមចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះសម្រាប់ដំណាក់កាលដំបូង។ នៅកម្ពុជា ធនាគារស្ថាបនា នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់ SMEs ដូចជា ក្រុមហ៊ុនកូមិន ខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារសំណង់ពី SMEs ជាច្រើននៅសិង្ហបុរី។
ចំណែកសិង្ហបុរី គ្រឹះស្ថាន Sing Investments & Finance Limited នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់ SMEs សិង្ហបុរី ដូចជា JR Group ដែលជាសហគ្រាសផ្គត់ផ្គង់សេវាកម្មម្ហូបអាហារឈានមុខគេ ហើយគ្រោងនឹងទិញវត្ថុធាតុដើម និងទំនិញពី SMEs នៅកម្ពុជា។ គ្រឹះស្ថាន Liquid Group Pte Ltd ក៏នឹងប្រើប្រាស់ថ្នាល FTC ដើម្បីពិនិត្យភាពចាំបាច់ក្នុងការទូទាត់ជារូបិយប័ណ្ណបរទេស សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី ផងដែរ។
ក្នុងគ្រាប្រកាសដាក់ឱ្យដំណើរការថ្នាល FTC ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡរ៉េន ម៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងថា៖ «គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រលំហូរព័ត៌មានអាជីវកម្ម ពិសេស SMEs តាមរយៈពង្រឹងគុណភាពទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ SMEs រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ការដាក់ឱ្យដំណើរការគម្រោង FTC ក្នុងគោលដៅជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព»។
ឯកឧត្តម ជៀ ដឺ ចាយអិន នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី មានប្រសាសន៍ថា ការចាប់ផ្តើមគម្រោង FTC នឹងគាំទ្រដល់លទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុដល់ SMEs តាមរយៈការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុរបស់ SMEs នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC ។ ការណ៍នេះ នឹងផ្តល់កាលានុវត្តភាពដល់ SMEs និងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោងផងដែរ។
ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យ SMEs នៅប្រទេសទាំងពីរ ក្នុងការវាយតម្លៃឥណទាន និងបង្កើនល្បឿនផ្តល់ហិរញ្ញប្បទានប្រសើរជាងមុន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ថ្នាល FTC ត្រូវបានអភិវឌ្ឍន៍ឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី