2023-10-06
SME News
2023-10-06
SME News
ភ្នំពេញ៖ លេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី០៥ តុលានេះ បានរៀបបើកជើងហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយរលូន មុនបើកផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។ អាកាសយានថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត ដោយប្រើទុនវិនិយោគប្រមាណ ១.១ពាន់លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួន៣ព្រមគ្នា ក្នុងរយៈពេលមួយម៉ោង។ ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលចូលរួមដំណើរការសាកល្បងនេះ ដោយក្នុងនោះមានក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង ប្រទេសចិន។
ដំណើរការសាកល្បងនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់មួយចំនួន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីធានាថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្ដើមបើកដំណើរការផ្លូវការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900។
សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចំណាយវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារ។ ព្រលានយន្តហោះថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត ដែលមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ ចំពោះ សមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាស អាចទទួលបានរហូតដល់ទៅ ១០,០០០តោនក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ ព្រមទាំងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង ១១២,៧០០ ជើងក្នុងឆ្នាំ២០៤០ ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី