2024-05-04
គិត បុប្ផា
2024-05-04
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលផ្ដល់សារសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព ជា ថាមពលឱ្យប្រជាជនសម្រេចចិត្តលើអ្វីមួយ និងជួយឱ្យរាជរដ្ឋាភិបាលដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព ប្រសិនបើអ្នកសារព័ត៌មានប្រើប្រាស់អំណាចនេះបានត្រឹមត្រូវ។
ក្នុងទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសាភោជនាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រៅពីអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដែលបង្កើតឡើងដើម្បីការពារប្រជាជន និងអភិវឌ្ឍន៍ប្រទេសជាតិ អំណាចទី៤របស់សារព័ត៌មាន គឺដើរតួសំខាន់ណាស់ ក្នុងការធានាថាអំណាចទាំងអស់រួមគ្នាបម្រើប្រជាជនប្រកបដោយទំនួលខុសត្រូវ។
«ប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានគ្រប់ៗគ្នា តាមរយៈការផ្ដល់ឱ្យ និងទទួលព័ត៌មានដោយសេរីពីអ្នកសារព័ត៌មាន ក្នុងនោះប្រជាពលរដ្ឋម្នាក់ៗ ក៏មានសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ ពិសេសក្នុងដំណាក់កាលនៃការរីកចម្រើននៃប្រព័ន្ធឌីជីថល ដែលមនុស្សម្នាក់ៗគឺជាអ្នកសារព័ត៌មាន ដូច្នេះអំណាចទី៤នេះកាន់តែមានតម្រូវការខ្ពស់»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មានប្រមាណ ៥ពាន់នាក់ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវការព័ត៌មានពិត ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការឱ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ហេតុនេះយើងត្រូវការព័ត៌មានពីគ្រប់ច្រកល្ហករបស់អ្នកសារព័ត៌មាន។ ជាក់ស្តែង ក្នុងរយៈពេល ៨ខែចុងក្រោយ សម្ដេចធិបតី និងអាជ្ញាធរថ្នាក់ក្រោមជាតិ បានដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ សម្ដេចនាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ភផ្សាយ និងការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី