2024-04-09
គិត បុប្ផា
2024-04-09
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន លើការដឹកនាំ សម្របសម្រួល និងជំរុញការដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន លើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះ នឹងត្រូវដោះស្រាយ ដោយអន្តរក្រសួង និង/ឬអន្តរស្ថាប័ន។
គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជននេះ ដោយលើសពីដែនសមត្ថកិច្ច ឬលទ្ធភាពសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការដទៃទៀត រួមទាំងយន្តការក្រុមការងារជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុផងដែរ។
លើសពីនេះ គណៈកម្មាធិការត្រូវមានភារកិច្ចរួមគ្នាពិនិត្យ តាមដាន វាយតម្លៃ និងរាយការណ៍ជូននាយករដ្ឋមន្ត្រី រាល់បញ្ហាប្រឈម និងសំណូមពរ ដើម្បីជំរុញការដោះស្រាយ និងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច រួមទាំងដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន តាមករណីនីមួយៗ តាមការបញ្ជាផ្ទាល់ ពីនាយករដ្ឋមន្ត្រី និងបំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។
គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានធនធានហិរញ្ញវត្ថុ ក្រោមការគ្រប់គ្រង របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមានសិទ្ធិប្រើប្រាស់ត្រារបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី សម្រាប់បំពេញភារកិច្ច។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ ក៏មានសិទ្ធិជំរុញការដោះស្រាយបញ្ហាវិស័យឯកជន, អញ្ជើញតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬមានសិទ្ធិសម្រេច ក្នុងនាមប្រធានក្រសួងស្ថាប័ន តាមការចាំបាច់ ដើម្បីចូលរួមបំពេញភារកិច្ចរបស់គណៈកម្មាធិការ។
គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានសិទ្ធិអញ្ជើញស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការ ដើម្បីផ្តល់ព័ត៌មាន និងយោបល់ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ខ្លួន។ ប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជននេះ ទទួលខុសត្រូវរួមក្នុងការ ដឹកនាំគណៈកម្មាធិការ និងដឹកនាំកិច្ចប្រជុំ ក្នុងនោះប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជនអាចចាត់តាំងអនុប្រធាន ឬសមាជិកគណៈកម្មាធិការ ដឹកនាំការងារជំនួស ក្នុងករណីចាំបាច់ ឬប្រធានអវត្តមាន។
គួរបញ្ជាក់ថា គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជនមានសមាសភាពសរុប១៧រូប មាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន និងអនុប្រធាន មានដូចជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនោះ ក៏មានសមាជិកចំនួន ១២នាក់។ ចំណែក លេខាធិការដ្ឋានមួយជាសេនាធិការ មានសមាសភាព ចំនួន៩នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី