2024-03-28
ទូច សូរិយា
2024-03-28
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១៣ របស់កូរ៉េ កំពុងឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ខណៈដែលមានក្រុមហ៊ុនមួយចំនួន កំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់ លោក Hacheong Yun តំណាងឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ និងជាអគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Hacheong Yun ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា សក្ដានុពលដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់វិនិយោគ មានដូចជា ស្ថិរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថិរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហនៃច្បាប់វិនិយោគ ដែលផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាបានយកចិត្តទុកដាក់ ក្នុងការរៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ។ ជាពិសេស ស្ថានភាពទីផ្សាររបស់កម្ពុជា ដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងដែលរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្ត គឺគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile និងគម្រោងបច្ចេកវិទ្យាជាដើម។
ក្រុមហ៊ុនចំនួន១៣ ដែលឈ្វេងយល់អំពីឱកាសវិនិយោគនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន CJ Group, ក្រុមហ៊ុន LX International, ក្រុមហ៊ុន DAEJOO KC Group, ក្រុមហ៊ុន Booyoung Group, ក្រុមហ៊ុន Hanshin Engineering & Construction, ក្រុមហ៊ុន KORINDO Group, ក្រុមហ៊ុន Kolao Group, សម្ព័ន្ធសហគ្រាសធុនតូច-មធ្យមកូរ៉េ (KBIZ), សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) និងក្រុមហ៊ុន Maekyung Media Group៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី