2025-08-01
ទូច សូរិយា
2025-08-01
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ ដែលធ្វើអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជាវិទ្យាសាស្ត្រជីវិត ការបណ្តុះបណ្តាលផ្នែកឌីជីថល ការកែច្នៃម្ហូបអាហារ សេវាកម្មវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ កំពុងស្វែងរកឱកាសពង្រីកការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនសិង្ហបុរីចំនួន១៦ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាមិនទាន់ជាទីផ្សារល្អឥតខ្ចោះទេ ប៉ុន្តែកម្ពុជា ជាប្រទេសដែលចង់បានការវិវត្ត និងមានរដ្ឋាភិបាលដែលចាំគាំទ្រវិស័យឯកជន។ ខណៈដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ក្នុងនោះ កម្ពុជា ស្វាគមន៍ភាពជាដៃគូរយៈពេលវែងដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យក្រុមហ៊ុនសិង្ហបុរីសហការជាមួយក្រុមហ៊ុនក្នុងស្រុកលើវិស័យបច្ចេកវិទ្យា ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី និងការអភិវឌ្ឍកម្លាំងពលកម្ម ដោយក្រសួងនឹងជួយសម្របសម្រួលការភ្ជាប់ទំនាក់ទំនងពួកគេជាមួយដៃគូក្នុងស្រុក។ ជាមួយគ្នានេះ ក្រុមហ៊ុន Keystone Cable, Vegafoods Singapore, Emaan Inspection និង Kydon Holdings បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូក្នុងស្រុក ដោយដាក់កម្ពុជាជាទិសដៅ សម្រាប់ការពង្រីកការវិនិយោគ និងនវានុវត្តន៍ផងដែរ៕
នាំមកជូនដោយ