2025-07-11
ទូច សូរិយា
2025-07-11
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា បានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុងក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់លើការតាក់តែងច្បាប់ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាពរវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អំណាចអធិបតេយ្យរបស់ជាតិលើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសកលលោក។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញបេសកកម្មដ៏មានសារសំខាន់មួយ គឺដឹកនាំ និងសម្របសម្រួលការកែទម្រង់ច្បាប់កម្ពុជា ឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព, ប្រសិទ្ធភាព, សមានគតិភាព, ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមចំណែកយ៉ាងសកម្ម, អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារ និងភារកិច្ច ជាធរមាន និងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ពិសេសដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ, វិនិយោគិន និង វិស័យឯកជន មកលើប្រព័ន្ធច្បាប់នៅកម្ពុជា៕
នាំមកជូនដោយ