2025-02-25
គិត បុប្ផា
2025-02-25
គិត បុប្ផា
ភ្នំពេញ៖ ការរួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ផលិតពូជស្រូវយុទ្ធសាស្ត្រ និងលក់ក្នុងតម្លៃដែលមានកិច្ចសន្យាច្បាស់លាស់ទុកជាមុន គឺជាវិធីសាស្ត្រប្រសើរ ដើម្បីការពារពីហានិភ័យទីផ្សារ និងផ្តល់ស្ថេរភាពដល់ជីវភាពប្រចាំថ្ងៃរបស់កសិករ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា ក៏បានណែនាំដល់សហគមន៍កសិកម្មទំនើប បន្តសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត។
លោក ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ លើកឡើងថា ក្រោយពីកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើប ធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាកាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ និងទទួលបានទិន្នផលច្រើន ជាជាងដាំដុះដាច់ដោយឡែក ពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។
តំណាងសហគមន៍ លោក ឆេង បូរ៉ា បានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់ មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ ដែលអំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។ នៅឆ្នាំក្រោយៗទៀត សហគមន៍ នឹងបន្តកៀរគរកសិករបន្ថែមទៀត ឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី