2025-02-24
ទូច សូរិយា
2025-02-24
ទូច សូរិយា
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអង្គការ On The Road របស់ជប៉ុន ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម។ តាមរយៈកិច្ចព្រមព្រៀងនេះ CMAC នឹងបង្កើតរោងជាងសម្រាប់កែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម។
ការបង្កើតរោងជាងកែច្នៃសំណល់ជ័រ/លោហធាតុនេះ នឹងមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន និងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយ CMAC ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងដែលចុះហត្ថលេខាដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក TAKAHASHI Ayumu ប្រធានក្រុមប្រឹក្សាអង្គការ On The Roadនេះ នឹងផ្តល់ការងារដល់ជនពិការដោយសារមីន ក្នុងការបម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ធ្លាប់បានជួបពិភាក្សាការងារជាមួយវិចិត្រជប៉ុន ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្រ រើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍មានតម្លៃ នៅខេត្តអូគីណាវ៉ា។ ជាមួយគ្នានេះ អង្គភាព CMAC មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ សម្រាប់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព៕
នាំមកជូនដោយ