2024-12-16
ទូច សូរិយា
2024-12-16
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេវាផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យតាមប្រព័ន្ធCBC គឺអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចឆែកព័ត៌មានពាក់ព័ន្ធនឹងបណ្ណកម្មសិទ្ធិដែលអតិថិជនដាក់បញ្ចាំ តាមប្រព័ន្ធរបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC)។ តាមការចុះផ្សាយនៅគេហទំព័រហ្វេសប៊ុករបស់លោកជំទាវបណ្ឌិត ជា សិរី នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ទេសាភិបាលធនាគារជាតិ បានបញ្ជាក់ថា ការឆែកព័ត៌មានតាមប្រព័ន្ធ CBC នឹងជួយសម្រួល និងកាត់បន្ថយចំណាយលើការវិភាគរបស់គ្រឹះស្ថានលើការផ្តល់កម្ចី។
សេវាផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យតាមប្រព័ន្ធCBC នៅលើគេហទំព័រ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) គឺជាកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី និងក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក។ ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ទាញយករបាយការណ៍អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានមួយក្នុងការវិភាគ និងវាយតម្លៃមុនពេលសម្រេចផ្តល់ឥណទានដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គល។
ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា សេវាផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យតាមប្រព័ន្ធCBCនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានបំណងស្វែងរកព័ត៌មានអចលនទ្រព្យ អាចទទួលបានរបាយការណ៍បញ្ជាក់ភ្លាមៗ ពីស្ថានភាពអចលនទ្រព្យ អំពីម្ចាស់កម្មសិទ្ធិ ប្រវត្តិជួលអចលនទ្រព្យ និងប្រវត្តិជាប់បន្ទុក តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅឆែក ឬផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យនៅមន្ទីរ ឬក្រសួងទេ។ គួរបញ្ជាក់ថា សេវាផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យតាមប្រព័ន្ធCBC ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដោយមានការចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី