2024-11-29
ឃី ភារៈ
2024-11-29
ឃី ភារៈ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការផ្តល់កម្ចីនេះ គឺស្ថិតក្នុងកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ។ កម្មវិធីរបស់ ADB នេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។
ADB បានឱ្យដឹងថា នៅត្រឹមឆ្នាំ២០២៧ កម្មវិធីនេះនឹងជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រមាណ ៥ម៉ឺនដែលបានចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញ ទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចាំបាច់តាមប្រព័ន្ធឌីជីថល។ ជាមួយគ្នានេះ កម្មវិធីខាងលើ នឹងផ្តល់នូវប្រាក់បន្ថែមពិសេស ដើម្បីលើកទឹកចិត្តនិងគាំទ្រផ្នែកបច្ចេកវិទ្យាដល់ MSMEs ដើម្បីពង្រីកខ្លួនក្នុងវិស័យយុទ្ធសាស្ត្រ និងបង្កើនខ្សែចង្វាក់តម្លៃ ពិសេសនឹងគាំទ្រដល់កំណែទម្រង់សំខាន់ៗ ដើម្បីសម្របសម្រួលបង្កើនពាណិជ្ជកម្មឆ្លងព្រំដែន។
លោកស្រី Jyotsana Varma នាយិកាធនាគារ ADB មានប្រសាសន៍ថា កម្មវិធីនេះ គាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារ កាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះ ក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី