2024-10-13
គិត បុប្ផា
2024-10-13
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយភាសាបារាំង) លើកទី២០ ឆ្នាំ២០២៦ ដោយមានសមាសភាពចំនួន ៣៥រូប ក្នុងនោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានតែងតាំងជាប្រធាន។
តាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មការជាតិនេះ មានភារកិច្ច៖ សម្របសម្រួល ពិគ្រោះយោបល់ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ, លើកគម្រោងចំណាយសរុបសម្រាប់កិច្ចប្រជុំ ដើម្បីស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល, ផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការចំនួន៦ និងស្នើសុំអនុសាសន៍ណែនាំ និងធ្វើរបាយការណ៍វឌ្ឍនភាពជាប្រចាំជូនសម្តេចធិបតី ហ៊ុន ម៉ាណែត។
គណៈកម្មការជាតិ មានលេខាធិការដ្ឋានមួយ និងអនុគណៈកម្មការចំនួន៦ ជាសេនាធិការ ដូចជាលេខាធិការដ្ឋាន, អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ, អនុគណៈកម្មការទី២៖ ឡូជីស្លឹក ពិធីការ និងបដិសណ្ឋារកិច្ច, អនុគណៈកម្មការទី៣៖ សារព័ត៌មាន និងផ្សព្វផ្សាយ, អនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការទី៥៖ សម្របសម្រួលការរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល និងអនុគណៈកម្មការទី៦៖ ហិរញ្ញវត្ថុ និងរដ្ឋបាល។ លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦នេះ នឹងត្រូវកំណត់សមាសភាព តួនាទី និងភារកិច្ច ដោយប្រធានគណៈកម្មការជាតិ។
យោងតាមអនុក្រឹតដដែល បង្ហាញថា គណៈកម្មការជាតិ មានសិទ្ធិប្រើប្រាស់ត្រា និងក្បាលលិខិតរបស់ក្រសួងការបរទេស។ លើសពីនេះ គណៈកម្មការជាតិ ត្រូវប្រើប្រាស់កញ្ចប់ថវិកាដោយឡែក ដើម្បីដំណើរការការងារ និងមានសិទ្ធិ ស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ព្រមទាំងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភការងាររៀបចំកិច្ចប្រជុំកំពូលនេះ។ គួរបញ្ជាក់ថា ថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ជាបន្ទុករបស់ក្រសួង-ស្ថាប័នដែលទទួលរៀបចំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី