2024-09-25
ទូច សូរិយា
2024-09-25
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅកម្រិត ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦% ក្នុងឆ្នាំ២០២៥។ តាមរបាយការណ៍របស់ ADB ចេញផ្សាយនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ការរក្សានៃការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅដដែលនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងនោះ ADB បានបន្ថយការព្យាករ អតិផរណារបស់ខ្លួនពី ២% មក ០,៥%សម្រាប់ឆ្នាំ២០២៤ ផងដែរ។
ADB បានឱ្យដឹងថា ការបន្ទាបការព្យាករអតិផរណានេះ គឺឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញ ប្រេងឥន្ធនៈ នឹងការថយចុះនៃថ្លៃគាំទ្រដល់ផលិតកម្មកសិកម្ម។ ការធ្លាក់ចុះនៃថ្លៃនេះ នឹងជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលប្រឈមមុខនឹងបញ្ហានានាដែលកើនឡើងដោយសារថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ របាយការណ៍របស់ ADB បានបញ្ជាក់ថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៦%ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ចំពោះ កំណើននៃការនាំចេញផលិតផលកមន្តសាលវិញ បានថយមកត្រឹម ១,៣%នៅក្នុងឆមាសទី១ និងសម្រេចបាន ២១,២%ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣, ការនាំចូលសម្ភារ និងឧបករណ៍សំណង់ បានកើនឡើង ២៣,៣%ក្នុងឆមាសទី១។ ក្នុងវិស័យកសិកម្ម ADB បានព្យាករថានឹងកើនឡើង១,២% ក្នុងឆ្នាំ២០២៤ និង១,៣% ក្នុងឆ្នាំ២០២៥, វិស័យសេវាកម្ម ព្យាករថានឹងកើនឡើង ៥,៤%នៅឆ្នាំ២០២៤ នឹងថយមកកម្រិត ៥,២%នៅឆ្នាំ២០២៥។ រីឯ លំហូរវិនិយោគពីបរទេស បានថយមកត្រឹម ២,០ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤ ដែលឆ្នាំ២០២៣ មានចំនួន ២,១ពាន់លានដុល្លារ។
ជាមួយគ្នានេះ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ ចំពោះ វិស័យកសិកម្ម និងទេសចរណ៍ កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ កម្លាំងចលករ ក៏កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើននៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី