2024-11-17
គិត បុប្ផា
2024-11-17
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យសមាជិកអង្គការ WTO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ជំនួយបច្ចេកទេសនានាដល់កម្ពុជា បន្តសហការ និងគាំទ្របន្ថែម ដើម្បីជួយឱ្យកម្ពុជា អាចបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឱ្យកាន់តែទូលំទូលាយ។
ការស្នើសុំកិច្ចសហការ និងគាំទ្រនេះ គឺដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពាណិជ្ជកម្មមួយចំនួនក្រោយកម្ពុជានឹងចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ក្នុងឆ្នាំ២០២៩ ខាងមុខ និងដើម្បីត្រៀមខ្លួនធ្វើកំណែទម្រង់ ការរៀបចំច្បាប់ និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា ក្នុងទិសដៅកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននាពេលខាងមុខ។
ក្នុងគ្រាផ្តល់បទអន្តរាគមន៍ស្តីពី «តួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជា» ក្នុងកិច្ចប្រជុំលើកទី១០០ នៃអនុគណៈកម្មការក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ឯកឧត្តម សុខ សុភ័ក្ត្រ បានលើកឡើងពីផលប្រយោជន៍ពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានតាមរយៈ WTO រួមមាន៖ ប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។ សមិទ្ធផលទាំងនេះ បានប្រែក្លាយកម្ពុជា ពីការពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្មជាដើម ទៅកាន់ទីផ្សារពិភពលោក។
ជាមួយគ្នានេះ ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានជួយគាំទ្រដល់ការកសាងគោលនយោបាយពាណិជ្ជកម្ម បង្កើនផលិតភាពនិងសមត្ថភាព ពង្រឹងការប្រកួតប្រជែងជំនាញនិងស្ថាប័ន ភាពធន់ពាណិជ្ជកម្ម និងការបង្កើតការងារ ដោយបានជួយដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ក្នុងក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី