2024-09-16
ទូច សូរិយា
2024-09-16
ទូច សូរិយា
ភ្នំពេញ៖ ប្រទេសអូស្ត្រាលី នឹងបន្តជួយគាំទ្រវិស័យកសិកម្មនៅកម្ពុជាឱ្យសម្រេចបានគោលដៅនៃការនាំចេញអង្ករ និងជួយជំរុញការផលិតកម្មកសិកម្ម និងការកែច្នៃប្រកបដោយនិរន្តរភាព ពិសេសនឹងជួយឱ្យអ្នកនាំចេញអង្ករកម្ពុជា ស្វែងរកទីផ្សារនៅលើពិភពលោកសម្រាប់ផលិតផលដ៏ល្អនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី នៅក្នុងពិធីបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី៧។
ឯកឧត្តម ដេរិក យីប បានបន្តថា អូស្ត្រាលី នឹងបន្តគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។ កិច្ចសហការកម្ពុជា-អូស្ត្រាលី បានរួមចំណែកគាំទ្រដល់ការរីកលូតលាស់នៃវិស័យកសិកម្មតាំងពីឆ្នាំ១៩៦០ នៅកម្ពុជា ក្នុងនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមើលឃើញពីវឌ្ឍនភាពក្នុងវិស័យស្រូវអង្កររបស់កម្ពុជា ជាមួយនឹងការនាំចេញអង្ករ និងស្រូវទៅក្រៅប្រទេសក្នុងតម្លៃប្រមាណជា ១,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
នៅក្នុងវេទិកាស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមទៀតថា អង្ករកម្ពុជា ទទួលបានការទទួលស្គាល់ពេញពិភពលោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេនៅលើសកលលោកចំនួន ៥ដង សម្រាប់អង្ករពូជស្រូវផ្ការំដួល នៅឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៨ និង២០២២។ ជាមួយគ្នានេះ អង្ករកម្ពុជា ក៏ទទួលបានពានរង្វាន់មាសអង្ករពូជស្រូវសែនក្រអូប ពីប្រទេសចិននាឆ្នាំ២០២៣ ខណៈដែលវិស័យស្រូវអង្ករកម្ពុជា បានពង្រីកគោលដៅទីផ្សារនាំចេញ មានការកើនពីចំនួន ៣៥គោលដៅនៅឆ្នាំ២០១០ រហូតដល់ ១២១គោលដៅត្រឹមឆ្នាំ២០២៣។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា គោលបំណងរបស់វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ ដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជា ឱ្យឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលបរិយាកាស និន្នាការពិភពលោកលើការធ្វើឱ្យប្រសើរឡើងនូវបរិដ្ឋាន និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិសម្រាប់ការនាំចេញអង្ករ ដែលចាប់ផ្តើមអនុវត្តសម្រាប់ទីផ្សារសហគមន៍អឺរ៉ុបនៅដើមឆ្នាំ២០២៦តទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី