2024-07-07
គិត បុប្ផា
2024-07-07
គិត បុប្ផា
ភ្នំពេញ៖ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០-២០២៥) ប្រចាំឆមាសទី១ ឆ្នាំ២០២៤ មានថវិកាសរុប ២៣,៨៥លានដុល្លារ ដើម្បីអនុវត្តជាសកម្មភាពធំៗចំនួន៣។ គម្រោងបោសសម្អាតមីននេះ ផ្តោតលើខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ព្រមទាំងពង្រីកការបោសសម្អាតបន្ថែមនៅខេត្តឧត្តរមានជ័យ និងព្រះវិហារផងដែរ។
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ បង្ហាញថា ថវិកាសរុប ២៣,៨៥លានដុល្លារនេះ បានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ(KOICA) និងUNDP។ ផែនការបោសសម្អាតមីន ចែកចេញជាសកម្មភាពធំៗ៣ រួមមាន៖ ទី(១) គាំទ្រប្រតិបត្តិការបោសសម្អាតមីន ទី(២) គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការអប់រំការយល់ដឹងអំពីមីន ការជួយជនរងគ្រោះ ការបញ្ជាបយេនឌ័រក្នុងសកម្មភាពមីន ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូល ការផ្សព្វផ្សាយ ទិន្នន័យ។
ទី(៣) ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីនដើម្បីតម្រង់ទិសគ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យ វិស័យមីនឱ្យមានប្រសិទ្ធភាព អនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងកសាងសមត្ថភាពដោះស្រាយការគម្រាមដែលនៅសេសសល់។ កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងប្រទេសផ្តល់ជំនួយរួមមាន អូស្ត្រាលី នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ(KOICA) និងអង្គភាពផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនសម្រេចបាន ៧,៦គីឡូម៉ែត្រការ៉េ ស្របតាមផែនការ និងគ្រោងបោសសម្អាត ១០,៤គីឡូម៉ែត្រការ៉េទៀត សម្រាប់ឆមាសទី២ ឆ្នាំ២០២៤។ ចំណែកការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការបង្កើនសមត្ថភាពទាក់ទងនឹងសកម្មភាពបោសសម្អាតមីន ក៏ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។ បើតាមការចុះផ្សាយរបស់អាជ្ញាធរមីន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីឆ្នាំ២០០៦ ដល់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល សម្រេចបាន ៣៦០គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១,២លាននាក់ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី