2024-03-23
ទូច សូរិយា
2024-03-23
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គិតមកដល់សព្វថ្ងៃ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានជំពាក់បំណុលថ្លៃបង់សំរាមប្រមាណ ៤០លានដុល្លារ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានពន្យល់ពីមូលហេតុនៅក្នុងពិធីសម្ពោធជាផ្លូវការបេសកកម្មសម្អាតទន្លេ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ពីការកើនឡើងនៃបំណុលនេះ ដោយសារកើនឡើងនៅក្នុងបរិបទកូវីដ១៩ ដោយសារក្រុមហ៊ុន និងអ្នកស្នាក់នៅខ្លះបានត្រឡប់ទៅស្រុកកំណើត និងប្រទេសកំណើតរបស់គេវិញ។
នៅក្នុងកម្មវិធីនេះ ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា៖«នៅលើពិភពលោកនេះ មិនមានទីក្រុងណាមួយ ដែលប្រជាពលរដ្ឋចេញសំរាមហើយ មិនបង់ថ្លៃសេវាលើសំរាមនោះទេ មានតែថ្លៃជាងរាជធានីភ្នំពេញទៅទៀត»។ អភិបាលរាជធានីភ្នំពេញ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ គឺមានទីចាត់ការសំណល់រឹង មានសហគ្រាសសំណល់រឹង សម្រាប់បំពេញប្រតិបត្តិការលើបញ្ហាសំរាម ក៏ប៉ុន្តែ បញ្ហាសំរាម គឺរដ្ឋាភិបាលរាជធានីភ្នំពេញ ខាតរហូតដោយសារតែមិនមានការបង់ប្រាក់ទៀងទាត់ ឬមិនបានបង់តែម្តង។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖«បញ្ហាបង់ថ្លៃសំរាម ជាបញ្ហាមួយ ចាប់តាំងពីមានកំណែទម្រង់ ការប្រមូលសំរាមមកដល់ថ្ងៃនេះ យើងពិនិត្យនៅបំណុលប្រហែលជាង ៤០លានដុល្លារ ដែលប្រជាពលរដ្ឋ មិនទាន់បានបង់ ប៉ុន្តែយើងក៏កំពុងពិចារណាថា ដោយសារបរិបទកូវីដ១៩ ធ្វើឱ្យក្រុមហ៊ុន និងអ្នកស្នាក់នៅខ្លះ បានធ្វើចំណាកស្រុកទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលរបស់គាត់ក៏លែងជួល ក៏ប៉ុន្តែយើងបានធ្វើកិច្ចការងារនេះឱ្យបានដិតដល់ និងកំពុងពិនិត្យលើបញ្ហានេះ»។
ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញទាំងអស់ ដែលមានបញ្ហាសំរាម សូមទាក់ទងមករដ្ឋបាលរាជធានីភ្នំពេញ ដែលមានទីចាត់ការសំណល់រឹងមួយចាំទទួលធ្វើកិច្ចការងារលើបញ្ហាសំរាមនេះ និងសូមឱ្យប្រជាពលរដ្ឋតាមដានការផ្សព្វផ្សាយព័ត៌មានរបស់ទីចាត់ការសំណល់រឹងដល់ប្រជាពលរដ្ឋ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី