2024-06-01
ទូច សូរិយា
2024-06-01
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមទៀតចំនួន ៧៩,៥លានដុល្លារ ដើម្បីពង្រីកសកម្មភាពដែលបានអនុវត្តក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទាននេះ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចប្រឹងប្រែងដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងការកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។ លោកស្រីម៉ារីយ៉ាម សាលីម បានបន្តថា កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ប៉ុន្តែលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប និងលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ផងដែរ។
«កញ្ចប់ហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ដែលក្នុងនោះមានអនុវិទ្យាល័យចំនួន៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន៩០»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា។
លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ បានលើកឡើងបន្ថែមថា មូលនិធិបន្ថែមខាងលើនេះ នឹងផ្តល់ឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩។ គួររំលឹកថា កាលពីខែមករា ឆ្នាំ២០២២ ធនាគារពិភពលោក បានអនុម័តកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន៦៩,២៥លានដុល្លារ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលក្នុងនោះឥណទានចំនួន ៦០លានដុល្លារ បានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និង ១៩,៥លានដុល្លារ ពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី