2024-05-20
គិត បុប្ផា
2024-05-20
គិត បុប្ផា
ភ្នំពេញ៖ ប្រទេសកម្ពុជា កំពុងដើរលឿនជាងប្រទេសជប៉ុនក្នុងវិស័យឌីជីថល ដែលមានការប្រើប្រាស់ QR Code សម្រាប់បង់លុយ និងការសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងវិស័យនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបពិធីពិសាអាហារថ្ងៃត្រង់ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបន្តលើកឡើងថា ដំណើរការប្រើប្រាស់ឌីជីថលក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ ហើយយុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល។ អ្នកទទួលជំនួយនិងអ្នកផ្តល់ជំនួយ ត្រូវជួបគ្នាមុននឹងសម្រេចការផ្តល់ជំនួយ នេះជារបៀបផ្តល់ជំនួយថ្មីរបស់ជប៉ុនដែល ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី បានលើកឡើង។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍បន្ថែមនៅនិវេសនដ្ឋានទូតជប៉ុនថា ជប៉ុន មានទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យឌីជីថលបន្ថែមទៀត ក្នុងនោះជប៉ុននឹងរួមចំណែកជួយបណ្តុះបណ្តាលធនធានកម្ពុជាផ្នែកភាសាអង់គ្លេស និងខាងបច្ចេកវិទ្យា។ ក្រៅពីនេះ ជប៉ុន ក៏គាំទ្រដល់កម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិផងដែរ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ «កម្ពុជា ត្រូវតែរត់ខណៈពេលដែលប្រទេសអភិវឌ្ឍន៍កំពុងតែដើរ។ ជំងឺកូវីដ បានជំរុញកម្ពុជាឱ្យទៅមុខលឿនប្រាំឆ្នាំផ្នែកឌីជីថល ព្រោះសាលាត្រូវបិទ ដូច្នេះកម្ពុជាបានប្រើប្រាស់ឌីជីថលដើម្បីបន្តសកម្មភាពផ្នែកអប់រំ។ កាលពេលកន្លងទៅ កម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ ទាំងផ្នែកអភិបាលកិច្ច និងវិស័យពន្ធដារ ក្នុងនោះកម្ពុជា ក៏បានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ដើម្បីពន្លឿនកិច្ចការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ កម្ពុជា ក៏បានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួន ពីរម៉ឺននាក់ ពិសេសកម្ពុជា បានជំរុញឱ្យមានការបង់ពន្ធអនឡាញ និងតាមធនាគារ»។
ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មី មានយុវជនដែលមានសមត្ថភាពខ្ពស់ ក្នុងការពន្លឿនវិស័យឌីជីថល។ សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះជំនួយរបស់ជប៉ុន និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ ព្រោះកម្ពុជាអាចជាកន្លែង ដែលមានបទពិសោធក្នុងវិស័យឌីជីថល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី