SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB ផ្តល់កម្ចីចំនួន១៤០លានដុល្លារ ដល់កម្ពុជា សម្រាប់កែទម្រង់សេវាសាធារណៈ និងអភីវឌ្ឍន៍ជំនាញសេដ្ឋកិច្ច


ADB ផ្តល់កម្ចីចំនួន១៤០លានដុល្លារ ដល់កម្ពុជា សម្រាប់កែទម្រង់សេវាសាធារណៈ និងអភីវឌ្ឍន៍ជំនាញសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីឥណទានសម្បទានចំនួន១៤០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តលើកកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត។

ផ្តល់ឥណទានសម្បទាន ១៤០ដុល្លារ នេះ ត្រូវបានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយនឹងលោកជំទាវ Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ការចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋ បានបញ្ជាក់ថា គោលបំណងនៃកម្មវិធី២ ដែលចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងផែនការ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្តកាលពីពេលថ្មីៗនេះ។

ឥណទានសម្បទានសម្រាប់កម្មវិធីចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន១៤០លានដុល្លារអាមេរិក នោះ សម្រាប់កម្មវិធីទី១៖ កែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ - អនុកម្មវិធីទី២ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋ កាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ។ កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ គ្រោងចំណាយថវិកាសរុប ៤០លានដុល្លា ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដោយផ្តោតលើការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីទី២៖ អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត - អនុកម្មវិធីទី ១ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគតម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។ គ្រោងចំណាយសម្រាប់កម្មវិធីទី២នេះ ត្រូវការថវិកាសរុប ១៣១, ៣០លានដុល្លាអាមេរិក ក្នុងនោះឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លាន ដុល្លា ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការដែល ADB បាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៩ ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី