SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ប្រកាសដាក់ឱ្យអនុវត្តគម្រោង CAM-PACK+ ដើម្បីពង្រីកទីផ្សារតាមរយៈនវានុវត្តន៍សំបកវេចខ្ចប់


ក្រសួងឧស្សាហកម្ម ប្រកាសដាក់ឱ្យអនុវត្តគម្រោង CAM-PACK+ ដើម្បីពង្រីកទីផ្សារតាមរយៈនវានុវត្តន៍សំបកវេចខ្ចប់
A+ A-

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យអនុវត្តគម្រោង CAM-PACK+ «ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង» ដើម្បីជួយសហគ្រាស កែលម្អការវេចខ្ចប់ និងពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់ និងអន្តរជាតិ។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង បានប្រព្រឹត្តទៅក្នុងថ្ងៃចុងក្រោយនៃវេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ (PackTalk & Foodtec Cambodia 2026)។ គម្រោងទទួលបានហិរញ្ញប្បទានចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ពីរដ្ឋាភិបាលចិន តាមរយៈមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ការអនុវត្តរយៈពេល ១៥ ខែ ដោយមានការចូលរួមពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានរំលេចពីសារសំខាន់នៃការវេចខ្ចប់ ថាមានទំនាក់ទំនងផ្ទាល់ទៅនឹងគុណភាព សុវត្ថិភាព អាយុកាលផលិតផល ការដឹកជញ្ជូន ស្តង់ដា និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម កង្វះសម្ភារវេចខ្ចប់សមស្រប អ្នករចនា និងអ្នកផ្គត់ផ្គង់ អាចរារាំងការពង្រីកផលិតកម្ម និងទីផ្សារ។

ឯកឧត្តមបានលើកឡើងថា៖ "គោលដៅគម្រោងមិនមែនត្រឹមតែការបណ្តុះបណ្តាលសហគ្រាសនោះទេ ប៉ុន្តែជាការបង្កើតសមត្ថភាព បណ្តាញ និងឧបករណ៍ ដែលអាចជួយឱ្យសហគ្រាសទទួលបានចំណេះដឹង បច្ចេកទេស ដំណោះស្រាយវេចខ្ចប់ និងការត្រៀមខ្លួនចូលទីផ្សារកាន់តែប្រសើរ។"

លោក Guo Dongbo លេខាទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា៖ "ការវេចខ្ចប់ជាសសរស្តម្ភឧស្សាហកម្មដ៏សំខាន់ ដែលទ្រទ្រង់តម្លៃផលិតផល សន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ និងការពង្រីកទីផ្សារឆ្លងដែន។ ទោះជាយ៉ាងណា អស់រយៈពេលជាយូរមកហើយ ប្រព័ន្ធវេចខ្ចប់ដែលមិនទាន់អភិវឌ្ឍបានល្អ នៅតែជាឧបសគ្គចម្បងដល់ការលើកកម្ពស់ពាណិជ្ជកម្មនៅទូទាំងតំបន់។"

គម្រោង CAM-PACK+ នឹងផ្តោតលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ ការរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពសម្ភារវេចខ្ចប់ ការដាក់ស្លាកលើសំបកវេចខ្ចប់ មុខងារ និងចីរភាពនៃការវេចខ្ចប់ ព្រមទាំងការអភិវឌ្ឍឧបករណ៍ជួយឱ្យសហគ្រាសត្រៀមខ្លួនសម្រាប់ការនាំចេញ។

គម្រោងក៏នឹងរៀបចំកម្មវិធីប្រកួតប្រជែងការរចនាសំបកវេចខ្ចប់ Khmer Star និង Mekong Star Packaging Design Awards និងការតាំងបង្ហាញផលិតផលវេចខ្ចប់ Made in Mekong ដើម្បីភ្ជាប់យុវជន និងអ្នករចនាជាមួយតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី