2024-04-24
ទូច សូរិយា
2024-04-24
ទូច សូរិយា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) វិញ ក៏បានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃអំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាពកាលពីឆ្នាំ២០២៣ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានជំនឿថា រំហូរវិនិយោគ និងអ្នកទេសចរមកពីប្រទេសចិន នឹងកើនឡើងបន្ថែមទៀតនៅកម្ពុជា។
ក្នុងជំនួបដដែល ឯកឧត្តម វ៉ាង យី ក៏បានបញ្ជាក់ថា ភាគីចិន នឹងជំរុញបញ្ចប់ការរៀបចំផែនការមេឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍន៍និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី