SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីខេត្តកំពង់ចាម ដែលមានតម្លៃប្រមាណ ១២,៩៨លានដុល្លារ បានដាក់ឱ្យដំណើរការដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាត


ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីខេត្តកំពង់ចាម ដែលមានតម្លៃប្រមាណ ១២,៩៨លានដុល្លារ បានដាក់ឱ្យដំណើរការដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាត
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីដែលមានតម្លៃប្រមាណ ១២,៩៨លានដុល្លារ ដោយបង្កើនអត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥។ 

គម្រោងខាងលើនេះ អាចបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដងដល់ប្រជាពលរដ្ឋក្នុងតំបន់សេវាពី ៤៤ ៩៥៥នាក់ ដល់ ៨៩ ០៣០នាក់ និងបង្កើនចំនួនតំណចូលតាមខ្នងផ្ទះពី ១០ ៤៦៤ ដល់ ១៩ ៣៣៩ តំណ រួមទាំងគ្រួសារក្រីក្រចំនួន៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន ៨ ៨៧៥គ្រួសារបន្ថែមទៀត ក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម។

ប្រព័ន្ធថ្មី ដែលរួមមានស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងការពង្រីកបណ្តាញបំពង់បញ្ជូននិងចែកចាយទឹកស្អាត នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១១ ៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកកំពង់ចាម កើនឡើងដល់ប្រមាណ ២៨ ១០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធារណៈ ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈដែលនគរូបនីយកម្ម និងឧស្សាហូបនីយកម្ម កំពុងរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និងងាយស្រួលរស់នៅសម្រាប់កម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត គឺជាការវិនិយោគមួយដែលមានឥទ្ធិពលខ្លាំងបំផុតលើសុខភាព និងផលិតភាពរបស់ប្រជាពលរដ្ឋ។ ការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាមនេះ គឺជាការពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីនាំយកអត្ថប្រយោជន៍នៃទឹកស្អាតទៅកាន់សហគមន៍កាន់តែច្រើន។ ការវិនិយោគទាំងនេះ បង្ហាញគំរូនៃភាពជាដៃគូដ៏រឹងមាំ ក្នុងការពង្រីកសេវាទឹកស្អាតនៅទូទាំងកម្ពុជា និងគាំទ្រដល់ការរីកចម្រើននៃតំបន់ទីក្រុងប្រកបដោយបរិយាបន្ន និងភាពធន់។

លើសពីនេះ លោក Laurent Raspaud នាយករង AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ភាពជាដៃគូរវាង ADB, AFD, សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជានេះ បង្ហាញពីអ្វីដែលកិច្ចសហប្រតិបត្តិការពហុភាគីអាចសម្រេចបាន នៅពេលដែលវាត្រូវបានជំរុញដោយមហិច្ឆតារួមគ្នាគឺ ការផ្តល់នូវភាពប្រសើរឡើងប្រកបដោយចីរភាពនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីគាំទ្រការទទួលបានទឹកស្អាតក្នុងរាជធានីភ្នំពេញអស់រយៈពេលជាងម្ភៃឆ្នាំមកនេះ AFD មានមោទនភាពក្នុងការបន្តការគាំទ្រសម្រាប់រយៈពេលយូរអង្វែងនេះសម្រាប់ខេត្តកំពង់ចាម៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី