2024-09-23
SME News
2024-09-23
SME News
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរម្លឹកដល់សាធារណជន អំពីវិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយមានស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនេះ ក្រសួងឱ្យអនុវត្តវិធានការបង្កសុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ, ការពារឆ្លងជំងឺផ្តាសាយ ផ្តាសាយបក្សី កូវីដ-១៩ និងជំងឺផ្សេងៗផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការចម្លងជំងឺផ្សេងៗ នាអំឡុងពេលនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រសួងឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការសាមញ្ញចំនួន៣ចំណុច។
ចំណុចទី១៖ ការបង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលសា្រ គឺត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព, សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ, ទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា, ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ, មិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម និងរបស់ឬគ្រឿងទេសផ្សេងៗដែលហួសសុពលភាព ជាដើម។ បន្ថែមទីនេះ គឺកុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ, បញ្ឈប់ជាដាច់ខាតនូវការលក់ដូរ និងទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់ និងបណ្តាលឱ្យបាត់បង់អាយុជីវិត។
ចំណុចទី២៖ រក្សាសុវត្ថិភាពពេលធ្វើដំណើរ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ជៀសវាងនូវការផ្ទុកមនុស្សច្រើនហួសហេតុ, ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ, ចៀសវាងការសេពគ្រឿងស្រវឹងនៅពេលបើកបរ និងការសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្តីស្លាប់។
ចំណុចទី៣៖ បង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ក្រសួងក៏បានលើកពីវិធានការដោយឱ្យចៀសវាងការក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬប្រើកន្សែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាល។ បន្ថែមពីនេះ គឺកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់, ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ជាដើម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត ណែនាំការអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសវិធានការសុវត្ថិភាពចំណីអាហារ នៅតាមទីតាំងនានា និងរៀបចំទុកដាក់ម្ហូបអាហារឱ្យ បានល្អនៅតាមទីវត្តអារាម ដើម្បីចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព និងទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ ដែលអាចនឹងបង្កឱ្យពុល និងស្លាប់បាត់បង់អាយុជីវិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី