2026-05-12
ទូច សូរិយា
2026-05-12
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងតួកម៉ានីស្ថាន បានពិភាក្សាអំពីការជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍តួកម៉ានីស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងជំនួបនេះ ឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចម្រើនលើគ្រប់វិស័យ រួមទាំងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន។ ឯកឧត្តមអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា ក៏បានលើកឡើងពីសក្តានុពលទេសចរណ៍របស់តួកម៉ានីស្ថានដែលរួមមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ព្រមទាំងទេសចរណ៍បែបវេជ្ជសាស្រ្តដែលផ្សារភ្ជាប់ការព្យាបាលតាមបែបធម្មជាតិ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឱ្យភាគីតួកម៉ានីស្ថាន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាទៅកាន់ប្រជាជនតួកម៉ានីស្ថាន និងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតអំពីកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សុខសន្តិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញទស្សនកិច្ចថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍ និងការសិក្សាលទ្ធភាពរៀបចំជើងហោះហើរត្រង់រវាងទីក្រុង Ashgabat-ភ្នំពេញ និង Ashgabat-សៀមរាប៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី