SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាកិច្ចសហការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍ SMEs


ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាកិច្ចសហការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍ SMEs
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន ជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs)។

ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយ​អាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។ ឯកឧត្តមបាន​លើក​ឡើង​ថា កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការ​អាស៊ាន ហើយកម្ពុជា បានបន្តខិតខំជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍវិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​គុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ​ តូច និង​មធ្យម​​ទៅក្នុង​ខ្សែ​ច្រ​វាក់​តម្លៃតំបន់។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាន់តែមានសារសំខាន់ នៅ​ក្នុង​បរិវត្តកម្មសេដ្ឋកិច្ចតំបន់។ ឯកឧត្តមអគ្គលេខាធិការ​អាស៊ាន ក៏បានរំលេចគំនិតផ្តួចផ្តើមតំបន់ថ្មីៗ រួមទាំងរបៀបវារៈបញ្ញាសិប្ប​និម្មិតអាស៊ាននៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន ដែលប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ព្រមទាំងសន្ទុះថ្មីនៃការជំរុញ​គម្រោង​បណ្តាញអគ្គិសនីអាស៊ាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិច​តួច និងសារសំខាន់នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយ​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជ​​​កម្ម។ ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម មានតួនាទីគន្លឹះក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល។

លើសពីេនះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហ​គ្រាស​ធុនមីក្រូ តូច និងមធ្យម ព្រមទាំងសន្ទុះនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នកើនឡើងដល់ប្រមាណ៣០ម៉ឺននាក់ និងអត្ថប្រយោជន៍កាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តកម្ពុជាឱ្យបន្តពង្រឹងភាពប្រកួតប្រជែងរបស់សហ​គ្រាស​ធុនមីក្រូ តូច និងមធ្យម ដោយបញ្ជាក់ថា ភាពជោគជ័យរបស់សហគ្រាសទាំងនេះមានសារ​សំខាន់​ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ចតំបន់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី