2026-01-27
ទូច សូរិយា
2026-01-27
ទូច សូរិយា
ភ្នំពេញ៖ អាជ្ញាធរមីន ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA)។
ក្នុងពិធីចុះ MoU នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស ដែលបានចូលរួមគាំទ្រដល់ដំណើរស្វែងរកសន្តិភាព ការផ្តល់សុវត្ថិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌អស់រយៈពេលជាង ៣០ឆ្នាំ តាមរយៈជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) និងទីភ្នាក់ងារន័រវេស្សសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (NORAD)។
បន្ថែមលើនេះ ឯកឧត្តម លី ធុជ បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខក្នុងភាពជាដៃគូដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព ហើយកម្ពុជានឹងបន្តដឹកនាំកម្មវិធីសកម្មភាពមីនជាមួយនឹងប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រងហានិភ័យដែលនៅសេសសល់ ដោយធានាថាសហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច។ អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួលបច្ចេកទេស ដែលនឹងជួយគាំទ្រដល់ការធ្វើផែនការ ការផ្តល់អាទិភាព និងគណនេយ្យភាពទូទាំងវិស័យប្រកបដោយប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពអន្តរជាតិដ៏រឹងមាំជាមួយនឹងគោលដៅមនុស្សធម៌របស់កម្ពុជា។ ក្នុងនោះ NPA បានគាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាត ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី