2024-03-14
គិត បុប្ផា
2024-03-14
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាល កំពុងរៀបចំច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង«សន្តិសុខសាយប័រ» ដែលជាយន្តការគ្រប់គ្រង និងអង្គភាពអនុវត្តក្នុងពេលឆាប់ៗខាងមុខ ស្របពេលដែលបរិវត្តកម្មឌីជីថលកាន់តែរីកចម្រើន។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តអំពី«សន្តិសុខសាយប័រ» នេះ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពាររឹងមាំ ព្រមទាំងធន់នឹងការវាយប្រហារ។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាក្នុងតំបន់-អន្តរជាតិ និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ក្នុងការជំរុញបរិវត្តកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា និងប្រទេសក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ក៏បានបញ្ជាក់ពីទស្សនវិស័យរបស់គណកម្មការរដ្ឋាភិបាលឌីជីថល ថា នឹងប្រែក្លាយដំណើរការការងាររបស់រដ្ឋាភិបាលកម្ពុជា ឱ្យទៅជារដ្ឋាភិបាលឈ្លៀសវៃ ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ចនិងប្រជាពលរដ្ឋ ក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ៖«ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន តាមរយៈការអនុវត្តគោលនយោបាយឌីជីថល» កំពុងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ មីនា។ ក្នុងកម្មវិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា ការផ្តួចផ្តើមគំនិតរៀបចំ «វេទិការដ្ឋាភិបាលឌីជីថល» នេះឡើង ក្នុងគោលបំណងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់នាំសង្គមជាតិ ឱ្យក្លាយជាសង្គមឌីជីថលមួយប្រកបដោយភាពជោគជ័យនាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី