2025-09-12
គិត បុប្ផា
2025-09-12
គិត បុប្ផា
ភ្នំពេញ៖ ការធ្វើពហិការដោយអត្តនោម័ត មិនប្រើផលិតផលថៃពីសំណាក់ប្រជាជនខ្មែរមួយចំនួន បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្ដើម «ត្រូវប៉ាន់» ហើយការកម្មង់ទិញ កំពុងកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ផលិតផលមួយចំនួនមិនអាចផ្គត់ផ្គង់ទាន់ពេលវេលា។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកជំទាវ អ៊ឹម រចនា ក៏បានបញ្ជាក់ពីប្រសាសន៍ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបានលើកឡើងថា ការចូលរួមគាំទ្រផលិតខ្មែរ គឺជាអ្វីដែលកម្ពុជាចង់បាន ហើយក្រសួងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ធ្វើយ៉ាងណាជួយដល់សហគ្រាស និងសិប្បកម្ម អាចទទួលបាននូវការគាំទ្រទាំងបច្ចេកទេស និងទុន ពីសំណាក់ដៃគូសហការ ដើម្បីពង្រឹងផលិតកម្មផង និងជាពិសេសធានាគុណភាព និងសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទានផង។
លោកជំទាវ អ៊ឹម រចនា បញ្ជាក់ថា កំណើននៃកែច្នៃផលិតផលកសិកម្ម មិនត្រឹមតែអាចបង្កើនតម្លៃបន្ថែមដល់កសិផល ឬផលិតផលជលផលប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងអាចផ្តល់ការងារជូនប្រជាជនផងដែរ ស្របតាមគោលនយោបាយរបស់ក្រសួងគឺ៖ «មានហូប មានបាន មានប្រើ និងមានរហូត»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោកជំទាវ អ៊ឹម រចនា នេះ គឺធ្វើឡើងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចំនួន ៣៧រូប មកពី ២១ស្ថាប័នព័ត៌មាន និងអ្នកចូលរួមប្រមាណជាង ៧០នាក់ ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសមិទ្ធផលនៃសហគ្រាសដែលមានវិញ្ញាបនបត្រ CQS និងសមាគមន៍លើកកម្ពស់ និងអភិរក្សប្រហុក សៀមរាប-បឹងទន្លេសាប ដែលមានស្លាកសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី