2025-07-15
ឃី ភារៈ
2025-07-15
ឃី ភារៈ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជំរុញការតភ្ជាប់លើវិស័យ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ឱកាសអាជីវកម្ម ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រសហគ្រិនរបស់ភាគីទាំងពីរ។ ការចុះ MoU ជាមួយសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ត្រូវបានធ្វើឡើងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាស នៃសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥។
តាមរយៈ អនុស្សរណៈនៃការយោគយល់គ្នា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា យល់ព្រមសហការគ្នាលើវិស័យ និងសកម្មភាព ដោយអនុលោមតាមលក្ខខណ្ឌ ដែលមានចែងក្នុងអនុស្សរណៈ នៃការយោគយល់គ្នានេះ ដោយលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីឯកភាពលើកកម្ពស់ការផ្តល់អន្តរកម្មអាជីវកម្ម និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដោយគាំទ្រសហគ្រិនវៀតណាម និងកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា។
បន្ថែមលើនេះ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ជំរុញដល់សហគ្រិនវៀតណាម និងកម្ពុជា រៀបចំសិក្ខាសាលា សន្និសីទ និងព្រឹត្តិការណ៍អាជីវកម្ម ព្រមទាំងរៀបចំព្រឹត្តិការណ៍ដូចជា «កិច្ចសន្ទនាធុរកិច្ច» ដើម្បីភ្ជាប់សហគ្រិន និងវិនិយោគិន។ ជាងនេះទៅទៀត ភាគីទាំងពីរ ណែនាំឱ្យសហគ្រិនវៀតណាម និងកម្ពុជា ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពីបទដ្ឋានច្បាប់ ឱកាសវិនិយោគ និងទីផ្សារសម្រាប់សហគ្រិន។ គាំទ្រការអភិវឌ្ឍសមត្ថភាពសហគ្រិន ជាពិសេសក្នុងវិស័យដែលមានសក្តានុពលផងដែរ។
ក្នុងគោលដៅផ្តល់ ឱកាសពិសេសដល់គណៈប្រតិភូកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំផ្គូផ្គងធុរកិច្ច ដោយសភាពាណិជ្ជកម្មកម្ពុជា បានប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជា ក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។ បេសកកម្ម ធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និង កំណើនសេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី