2025-06-26
គិត បុប្ផា
2025-06-26
គិត បុប្ផា
ភ្នំពេញ៖ ប្រតិបត្តិករមួយចំនួន នៅពុំទាន់អនុលោមបានពេញលេញតាមការកំណត់នៅឡើយ ដូចជាសុក្រិត្យភាពនៃទិន្នន័យនៅមានកម្រិត និងការយឺតយ៉ាវ ឬការខកខានពុំបានរាយការណ៍មុនពេលទំនិញមកដល់ ស្របតាមពេលវេលា ដែលបានកំណត់។ ពាក់ព័ន្ធនឹងរឿងនេះ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានជំរុញលើកដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តនីតិវិធីនេះឱ្យបានសកម្ម ដើម្បីធានាបាននូវប្រសិទ្ធភាពជាអតិបរមា។
ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីមុខងារប្រព័ន្ធគាំទ្រការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ដែលមានតំណាងប្រតិបត្តិករដឹកជញ្ជូន ប្រតិបត្តិករបញ្ជូនទំនិញ ប្រតិបត្តិករនាវាភារវេទកិច្ច ភ្នាក់ងារតំណាង អ្នកនាំចេញ-នាំចូល ជើងសាគយ ព្រមទាំងភាគីពាក់ព័ន្ធ សរុបប្រមាណ ១១១រូប លោក ផា អេងវ៉េង ថា នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មន្ត្រីមានសមត្ថកិច្ច ធុរជន និងភាគីពាក់ព័ន្ធ។ នីតិវិធីនេះ អាចជួយធុរជនជាអ្នកនាំចេញ-នាំចូលក្នុងការកាត់បន្ថយរយៈពេល នៃការរង់ចាំបញ្ចេញទំនិញក្រោយពេលទំនិញមកដល់ ដោយហេតុថា ប្រតិវេទករអាចដាក់ប្រតិវេទន៍ជូនមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចដើម្បីត្រួតពិនិត្យជាមុន។
ទន្ទឹមគ្នានេះដែរ នីតិវិធីនេះ ក៏ជួយដល់មន្ត្រីគយក្នុងការវាយតម្លៃហានិភ័យជាមុនលើទិន្នន័យ ដែលទទួលបានក្នុងទម្រង់អេឡិចត្រូនិក និងអាចប្រើប្រាស់ទិន្នន័យក្នុងគោលបំណងផលិតស្ថិតិ ព្រមទាំងពង្រឹងអនុលោមភាពជាដើម។ តាមរយៈលទ្ធផលនៃការអនុវត្តកន្លងមក គណអធិបតីគយ បានសង្កេតឃើញថា ភាគីពាក់ព័ន្ធភាគច្រើន បានចូលរួមអនុវត្តនីតិវិធីនេះ ដោយអនុលោមតាមបទប្បញ្ញត្តិ និងការណែនាំជាធរមាន ហើយធ្វើការរាយការណ៍ទិន្នន័យប្រកបដោយគុណភាពខ្ពស់។
វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងបន្ថែមអំពីបទប្បញ្ញត្តិពាក់ព័ន្ធនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, ពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់, ចែករំលែកនូវបទពិសោធនៃការអនុវត្តរវាងភាគីពាក់ព័ន្ធពាក់ព័ន្ធ និងលើកទឹកចិត្តនិងជំរុញការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី