2023-09-04
SME News
2023-09-04
SME News
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាមមិនឱ្យអាជីវករ និងអ្នកលក់អនឡាញ ប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់វត្ថុសិល្បៈតាមប្រព័ន្ធបណ្តាញសង្គមឡើយ។ ការយករូបថតវត្ថុបុរាណទៅផ្សព្វផ្សយបែបនេះ ក្រសួងថា អាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថា វត្ថុបុរាណខ្មែរដែលគេបានប្រគល់មកឱ្យកម្ពុជាវិញ ត្រូវបានដាក់លក់នៅលើទីផ្សារ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពីថ្ងៃទី០៤ ខែកញ្ញានេះ មន្រ្តីជំនាញបានសង្កេតឃើញមានអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បាននិងកំពុងផ្សព្វផ្សាយលក់ដូរនូវវត្ថុសិល្បៈ តាមបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ជាដើម ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាពទាក់ទាញសម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។
ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ ជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា (អ្នកដែលស្វែងរក ឬប្រមូលផ្សែផ្សំវត្ថុបុរាណទាំងនោះ) យល់ច្រឡំថា វត្ថុបុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញនោះ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារដោយគ្មានការគ្រប់គ្រងពីរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី «ការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយលក់វត្ថុលិល្បៈ តាមប្រព័ន្ធបណ្តាញសង្គម» ដែលចុះផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សរសេរបញ្ជាក់ដូច្នេះថា៖«ប្រការនេះ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស»។
ដើម្បីរួមចំណែកក្នុងការថែរក្សាការពារ និងលើកតម្លៃកេរដំណែលវប្បធម៌ដូនតា ដែលជាសម្បត្តិបេតិភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កូនខ្មែរជំនាន់ក្រោយទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់អាជីវករ និងអ្នកលក់អនឡាញ ដែលបានប្រកបមុខរបរនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រូបភាពវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈរបស់ខ្លួន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានចាត់វិធានការចាំបាច់តាមផ្លូវច្បាប់ ក្នុងករណីអាជីវករ ឬអ្នកលក់អនឡាញណាដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី