2024-01-03
គិត បុប្ផា
2024-01-03
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ទាំងឡាយ ដែលពុំមានឈ្មោះក្នុងបញ្ជីរបស់ក្រសួង។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ ទីភ្នាក់ងារពុំមានឈ្មោះក្នុងបញ្ជី នឹងមិនមានសិទ្ធិជ្រើសរើសពលករ-ពលការិនី មកបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ-ពលការិនីខ្មែរ ទៅធ្វើការនៅក្រៅប្រទេសឡើយ។
ការណែនាំរបស់ក្រសួងការងារនេះ ធ្វើឡើងក្នុងគោលបំណងបញ្ចៀសការទទួលព័ត៌មានខុសពីការផ្សព្វផ្សាយពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការជ្រើសរើស ឬផ្តល់សេវាកម្មរកការងារធ្វើដល់ពលករខ្មែរ នៅតាមបណ្ដាសារព័ត៌មានណាមួយ ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ។ ទាក់ទងនឹងការណែនាំនេះ ក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានតម្រូវឱ្យតាមបណ្តាស្ថានីយ៍វិទ្យុ ត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងាររបស់ក្រសួង ដើម្បីមានសិទ្ធិក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងសេវាកម្មនេះ។
តាមសេចក្តីជូនដំណឹងនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ បានបង្ហាញឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនក្នុងបញ្ជីរបស់ក្រសួង ដែលមានសិទ្ធិជ្រើសរើសពលករមកបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស។ ក្នុងនោះ ទីភ្នាក់ងារដែលអាចបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនមានចំនួន ៩៨, ប្រទេសថៃចំនួន ៨៩, ប្រទេសម៉ាឡេស៊ីចំនួន ៨៨, រដ្ឋកាតាចំនួន ៣៨, រដ្ឋគូវ៉ែតចំនួន ៣៨, ប្រទេសសិង្ហបុរីចំនួន ១៩, តំបន់រដ្ឋបាលពិសេសហុងកុងចំនួន ៩, និងប្រទេសអារ៉ាប់ប៊ីសាអូឌីតចំនួន ៤០ ផងដែរ។
ក្រសួងការងារ ក៏បានអំពាវនាវឱ្យសាធារណជនរាយការណ៍មកទូរស័ព្ទលេខ ០៨៩ ៩៥៧ ៧៨៩ និង ទំនាក់ទំនងមកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥ រាជធានី-ខេត្ត រៀងរាល់ម៉ោងធ្វើការប្រសិនមានករណីមិនប្រក្រតីណាមួយកើតឡើង។ ក្រៅពីនេះ សាធារណជនត្រូវពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុន ដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ជាមុន មុននឹងសម្រេចចិត្តចូលរួមជាមួយទីភ្នាក់ងារជ្រើសរើសឯកជនណាមួយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី