2025-03-29
ទូច សូរិយា
2025-03-29
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវេទិកាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជប៉ុន-អាស៊ាន (JASTIP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីបន្តកិច្ចសហការក្នុងការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ និងលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ការចុះ MOU នេះ នឹងបម្រើជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនាក់ទំនងរីកចម្រើន និងយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរចំពោះគោលដៅរួមសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការចុះ MOU នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលស្ថាប័នទាំងពីរ កំពុងរួមគ្នាបង្កើតកម្មវិធីកសាងសមត្ថភាពក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈគំនិតផ្តួចផ្តើម ដូចជាទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ពិព័រណ៍វិទ្យាសាស្ត្រ និងការប្រកួតប្រជែងសំដៅលើកកម្ពស់អ្នកវិទ្យាសាស្ត្រវ័យក្មេងជាដើម។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពង្រីកកិច្ចសហការលើការអភិវឌ្ឍគោលនយោបាយជាយុទ្ធសាស្ត្រ និងការបង្កើតក្របខ័ណ្ឌលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។ គម្រោងសំខាន់ៗរួមមាន គម្រោងមូលនិធិតូយូតា ដែលជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមក ស្តីពីការសម្របសម្រួលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងប្រទេសជប៉ុន កម្ពុជា និងថៃ។ លើសពីនេះ JASTIP បានគាំទ្រក្រសួងលើការរៀបចំឯកសារគោលនយោបាយយុទ្ធសាស្ត្រ ការប្រមូលទិន្នន័យពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធតាមរយៈ JASTIP-Net។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ថ្មីសម្រាប់ឆ្នាំ ២០២៥-២០២៨ នឹងរួមបញ្ចូលសកម្មភាពដូចជាកម្មវិធីបណ្តុះបណ្តាលដោយសង្កេតការអនុវត្តការងារផ្ទាល់ (job shadowing) កម្មវិធីបញ្ជូនសិស្សនិស្សិតទៅអនុវត្តការងារផ្ទាល់ (attachment programs) និងកម្មវិធីផ្តល់ជំនួយសម្រាប់បុគ្គលិកមានទេពកោសល្យ (talent grant programs)៕
នាំមកជូនដោយ