2023-12-09
គិត បុប្ផា
2023-12-09
គិត បុប្ផា
ភ្នំពេញ៖ ក្នុងជំនួបជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក្រុមហ៊ុន BUCG របស់ចិន បានបង្ហាញគម្រោងវិនិយោគពាក់ព័ន្ធនឹងប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ។
ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) លោក លី ដៅសុង (Li Daosong បានលើកឡើងនៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ថា ក្រុមហ៊ុន ក៏កំពុងសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គផងដែរ។ ក្រៅពីនោះ ក្រុមហ៊ុនក៏គ្រោងនឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។
លោក លី ដៅសុង បន្តថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧ នេះ។
ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសើរដល់ក្រុមហ៊ុន BUCG ដែលបានរួមចំណែក
ក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈគម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត គោលដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី