2025-02-13
ទូច សូរិយា
2025-02-13
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងចាត់វិធានការលើក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. តាមមាត្រា៨២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រោយបំពានការណែនាំរបស់ក្រសួងបន្តលួចបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមជំនាញរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing ដែលស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅតែបន្តលួចបង្ហូរសំណល់រាវមានពណ៌និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។ ក្រុមហ៊ុននេះ បានលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅមានអង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ករណីលួចបង្ហូរសំណល់រាវនេះ គឺមិនបានឆ្លងកាត់អាងប្រព្រឹត្តិកម្មត្រឹមត្រូវរបស់រោងចក្រដែលបានធ្វើឡើងនាពេលកន្លងមកទេ ក្នុងនោះក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យនិងបានចាត់វិធានការច្បាប់ផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ដែលបង្កឱ្យមានការបញ្ចេញសំណល់រាវ មានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕
នាំមកជូនដោយ