2025-02-03
ទូច សូរិយា
2025-02-03
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលជារោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ ដោយសារលួចបង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ នៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹងថា សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឱ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលក្រសួងត្រូវចាត់វិធានការដូចខាងក្រោម៖ ទី១.ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។
ទី២. ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០, ទី៣. រុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឱ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត, ទី៤. ត្រូវកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់។
ចំពោះ ទី៥. ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់, ៦. ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ឱ្យមានភាពដូចដើមវិញ និង ៧. ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ។ ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការពិនិត្យក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោត តាមរយៈបំពង់ទុយោដែលមានអង្កត់ផ្ចិតប្រវែង ០,៨០ម៉ែត្រ ដោយពុំបានឆ្លងកាត់ធ្វើប្រព្រឹត្តិកម្មសម្អាតត្រឹមត្រូវឡើយ។ នៅចំណុចចុងបំពង់ទុយោបង្ហូរចូលស្ទឹង ឃើញមានស្លាកស្នាមនៃដានទឹកពណ៌ខៀវជាប់ប្រឡាក់លើដីនៃមាត់ច្រាំងខាងលើ ដែលក្នុងមាត់ច្រាំងផ្នែកខាងក្រោមនៃស្ទឹងវិញ ឃើញមានទឹកសំណល់រាវពណ៌ក្រម៉ៅដល់សល់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី