2025-01-18
SME News
2025-01-18
SME News
ភ្នំពេញ៖ ក្រសួងកសិកម្ម និងមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ តាមរយៈលោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន និងលោកអនុប្រធានមន្ទីរ រុន សុផាន់ណារ៉ា បានចុះពិនិត្យការប្រមូលផលស្រូវនិងតម្លៃស្រូវសែនក្រអូប និងOM នៅទីវាល ព្រមទាំងជួបប្រជាកសិករ នៅឃុំបន្ទាយនាង និងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦-១៧ មករានេះ។
បេសកកម្មចុះពិនិត្យការប្រមូលផលស្រូវនិងតម្លៃស្រូវ នៅស្រុកមង្គលបូរី ដែលមានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចូលរួមផងនោះ ដើម្បីស្វែងយល់ពីការបង្កបង្កើនផលស្រូវប្រាំង តម្លៃ ការចំណាយ និងចំណូលក្នុងការដាំដុះស្រូវរបស់ប្រជាកសិករ និងការចងក្រងគ្នាជាក្រុមផលិត សម្រាប់ផ្គត់ផ្គង់ស្រូវជូនរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។
ក្នុងជំនួបជាមួយប្រជាកសិករផ្ទាល់ លោកជំទាវអនុរដ្ឋលេខាធិការ បានប្រាប់និងជំរុញលើកទឹកចិត្ត ប្រជាកសិករ ឱ្យធ្វើការដាំដុះពូជស្រូវក្នុងស្រុកដូចជា ពូជ ស្រូវសែនក្រអូប ស្រូវស្រង៉ែជាដើម ដែលធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញ ច្រើន ហើយពូជស្រូវនេះមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ លោកជំទាវ យ៉ើ អាស៊ីគីន លើកទឹកចិត្តដល់ប្រជាកសិករឱ្យចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបផងដែរ ដែលងាយស្រួលក្នុងការបង្កបង្កើនផល កាត់បន្ថយថ្លៃដើមផលិត ធានាបាននូវតម្លៃសមរម្យ រក្សាស្ថិរភាពថ្លៃ និងរក្សាបានភាពចំណេញ។
ក្រៅពីជួបជាមួយនឹងប្រជាកសិករ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រូបនេះ ក៏បានជួបពិភាក្សាជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ យិន ពូ និងរោងម៉ាស៊ីនកិនស្រូវ អ៊ីវ សារុន នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ពីស្ថានភាពតម្លៃ និងការទិញលក់ស្រូវនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយរោងម៉ាស៊ីនកិនស្រូវទាំងពីរបញ្ជាក់ថា នៅតែបន្តទិញស្រូវរបស់ប្រជាកសិករដដែលមិនសម្រាកនោះទេ៕
នាំមកជូនដោយ