2024-12-19
ឃី ភារៈ
2024-12-19
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង ៤០៣លានដុល្លារ ដើម្បីអភិវឌ្ឍន៍កម្មវិធីចំនួន៦ នៅកម្ពុជា។ នេះបើតាមការប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង ដែលចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា គឺផ្តោតលើការពង្រឹងវិស័យអប់រំមធ្យមសិក្សា, ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV), ការជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង, ការគាំទ្រការគ្រប់គ្រងធនធានទឹករួម និងការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅកម្ពុជា។
លោកស្រី Jyotsana Varma មានប្រសាសន៍ដូច្នេះថា៖ «ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ភាពជាដៃគូរវាង ADB និងកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខ័ណ្ឌនៃយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មី សម្រាប់ឆ្នាំ ២០២៤-២០២៨»។ លោកស្រី Jyotsana Varma បន្ថែមថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងកម្មវិធីទាំងអស់នេះ គឺដើម្បីការបង្កើនភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស ហើយគម្រោងទាំងនេះ នឹងគាំទ្រដល់កំណើនជាបន្តបន្ទាប់របស់កម្ពុជា។
ADB ប្តេជ្ញាជំរុញបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន រួមទាំងលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB ប្រកាន់ខ្ជាប់នូវភាពជាដៃគូជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន ដែលជាអត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី