2024-12-12
ឃី ភារៈ
2024-12-12
ឃី ភារៈ
ភ្នំពេញ៖ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ជាឯកសារគោលសម្រាប់តួអង្គសំខាន់ក្នុង ការអភិវឌ្ឍជំនាញឌីជីថល ជាពិសេសគ្រឹះស្ថានអប់រំបណ្តុះបណ្តាលរៀបចំកម្មវិធីសិក្សាលើជំនាញបច្ចេកវិទ្យា ឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យា និងវិស័យឯកជន ដើម្បីកំណត់ផែនការជ្រើសរើសបុគ្គលិកជំនាញឌីជីថល។ ផែនទីបង្ហាញផ្លូវនេះ ក៏ជាមគ្គុទេសក៍បង្ហាញផ្លូវដល់សិស្ស និស្សិត និងនិយោជិតក្នុងការជ្រើសរើសជំនាញសិក្សា ការបណ្តុះបណ្តាលបន្ត និងការតម្រង់ទិសអាជីពឆ្លើយតបនឹងការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលផងដែរ។
ផែនទីបង្ហាញផ្លូវ ត្រូវអនុវត្តក្នុងរយៈពេល១២ឆ្នាំ ដើម្បីសម្រេចនូវគោលដៅចម្បងៗក្នុងការបង្កើន និស្សិតសិក្សាជំនាញឌីជីថល ការបង្កើនធនធានមនុស្សជំនាញឌីជីថល ការលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ជំនាញឌីជីថល ការកាត់បន្ថយគម្លាតជំនាញ និងពង្រឹងសេវាការងារតម្រង់ទិសអាជីព។ ឯកសារនេះ ក៏ជាឯកសាររស់ ដែលត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ រៀងរាល់២ឆ្នាំ ឬតាមការចាំបាច់ ដើម្បីកំណត់គោលដៅជាក់លាក់លើផ្នែក និងជំនាញឌីជីថលជាអាទិភាព ផ្អែកលើតម្រូវការនិងការផ្គត់ផ្គង់ បម្រើឱ្យសេដ្ឋកិច្ចនិងសង្គមឌីជីថល ក៏ដូចជាការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងវិស័យសេដ្ឋកិច្ចសំខាន់ផ្សេងទៀត ស្របតាមនិន្នាការនៃការវិវត្តបច្ចេកវិទ្យា និងតម្រូវការ នៃទីផ្សារការងារ។
«ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា» ត្រូវបានរៀបចំឡើងដោយមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របតាមការចង្អុលបង្ហាញនៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ព្រមទាំងស្របតាមការវិភាគជាក់លាក់លើស្ថានភាព បច្ចុប្បន្ន ឧត្តមានុវត្តន៍ និន្នាការតំបន់ និងសកលលោក។ ផែនទីបង្ហាញផ្លូវនេះ ដាក់ចេញនូវក្របខ័ណ្ឌសមត្ថភាព ជំនាញឌីជីថល គន្លងនៃការអភិវឌ្ឍជំនាញ យុទ្ធសាស្ត្រ និងសកម្មភាពអាទិភាព ជាដំណាក់កាលនិងប្រទាក់ក្រឡា ដើម្បីសម្រេចការកសាងមូលធនមនុស្សជំនាញឌីជីថល ប្រកបដោយសមត្ថភាពឆ្លើយតបនឹងតម្រូវការការងារ គាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាល ធុរកិច្ច និងប្រជាពលរដ្ឋ លើកកម្ពស់វិស័យឌីជីថល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://shorturl.at/loffZ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី