SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ថ្ងៃទី១១ ធ្នូ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នឹងរៀបចំ«បុណ្យផ្កាអប់រំ» រៃអង្គាសថវិកា ដើម្បីឧបត្ថម្ភការសិក្សារបស់សិស្សក្រីក្រជាង ៦,៥ពាន់នាក់


ថ្ងៃទី១១ ធ្នូ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នឹងរៀបចំ«បុណ្យផ្កាអប់រំ» រៃអង្គាសថវិកា ដើម្បីឧបត្ថម្ភការសិក្សារបស់សិស្សក្រីក្រជាង ៦,៥ពាន់នាក់
A+ A-

ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នឹងរៀបចំពិធី «បុណ្យផ្កាអប់រំ» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងប្រមូលផ្តុំថវិកាបរិច្ចាគ និងកៀរគររៃអង្គាសថវិកាពីគ្រឹះស្ថានអប់រំ និងស្ថាប័ននានានៅកម្ពុជា ដើម្បីឧបត្ថម្ភលើការសិក្សារបស់សិស្សក្រីក្រជាង ៦ ៥០០នាក់ ដែលកំពុងស្ថិតក្នុងកម្មវិធីប្រតិបត្តិរបស់អង្គការ PSE។

កម្មវិធីសប្បុរស ដែលរៀបចំដោយអង្គការ PSE អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហព័ន្ធសេវាអប់រំនៅកម្ពុជានេះ នឹងនាំយកថវិកាបរិច្ចាគរបស់សប្បុរសជនផ្តល់ឱ្យកុមារក្រីក្រទទួលបានការអប់រំពេញលេញ ដោយរួមបញ្ចូលទាំងសេវាសុខភាព អាហារ ការការពារ សកម្មភាពក្រៅ ម៉ោងសិក្សា ឯកសណ្ឋាន និងសម្ភារសិក្សានៅ PSE។ ព្រឹត្តិការណ៍នេះផងដែរ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងពិធី «បុណ្យផ្កាអប់រំ» នឹងមានការទស្សនាវីដេអូឯកសារអំពីអង្គការ PSE, ការនិមន្តដល់របស់ព្រះសង្ឃ,បទនមស្ការ ព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្តសូត្រ, ការសម្តែងព្រះធម៌ទេសនាដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា, ពិធីកាត់ខ្សែបូរសម្ពោធ និងប្រោះព្រំអគារសិក្សាថ្មីនៃអង្គការ PSE, ការនិមន្តត្រឡប់របស់ព្រះសង្ឃ, ការជួបជុំពិសាអាហារសម្រន់ សំណេះសំណាល និងបង្កើនទំនាក់ទំនង, ការអញ្ជើញនិវត្តន៍របស់គណៈអធិបតី ការបិទកម្មវិធី និងដំណើរនិវត្តន៍របស់គណៈអធិបតី និងសហម្ចាស់ដើមបុណ្យ។

ចំពោះអ្នកផ្តើមបុណ្យខាងលើនេះ មានដូចជាលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ សហស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE), គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE), អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(DGTVET), សហព័ន្ធសេវាអប់រំនៅកម្ពុជា និងគ្រឹះស្ថានសមាជិកសមាជិកា (FESC) និងអ្នកសហផ្តើមបុណ្យ ដែលមានគ្រឹះស្ថានអប់រំ និងស្ថាប័ននានាចំនួន៧៧។

«បុណ្យផ្កាអប់រំ» ត្រូវបានបង្កើតឡើងក្នុងគោលដៅប្រមូលផ្តុំសាមគ្គីភាពពីគ្រប់វិស័យអប់រំ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ និងក្រសួងការងារ ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន អាជ្ញាធរ សហគ្រាសឯកជន និងដៃគូអប់រំផ្សេងៗទៀត ដើម្បីឧបត្ថមគាំទ្រដល់ PSE ឱ្យបន្តផ្តល់ការអប់រំប្រកបដោយគុណភាពពេញលេញមួយដល់កុមារក្រីក្របំផុតនៅកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599