2024-11-28
ទូច សូរិយា
2024-11-28
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នវានុវត្តន៍ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិមួយ ដែលប្រជុំដោយគំនិតរីកចម្រើន និងបណ្តុះធុរកិច្ចឱ្យរីកលូតលាស់។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ។
ក្នុងកម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកទឹកចិត្តឱ្យអ្នកចូលរួមប្រកួត ខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដើម្បីចាប់យកឧត្តមភាព។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា សហគ្រិនគួរមានភាពក្លាហាន ហ៊ានចូលរួមប្រកួតប្រជែង សាកល្បងសមត្ថភាព ទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គជាឱកាស ដើម្បីភាពជោគជ័យនាពេលខាងមុខ។
ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤នេះ គឺមានបួនប្រភេទ ដូចជា៖ ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ, ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់ទាំងនេះ គឺបានឆ្លុះបញ្ចាំងពីតួអង្គសំខាន់ៗនៃសហគ្រិនភាពដែលកំពុងរីកចម្រើនរបស់កម្ពុជា ដែលក្នុងនោះជ័យលាភី គឺត្រូវបានទទួលស្គាល់ចំពោះភាពច្នៃប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែងក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។
គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ដែលឈានចូលដល់ឆ្នាំទីប្រាំនេះ គឺបង្ហាញពីបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការថែបំប៉នប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះ ផ្តល់ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាងបណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅគ្រប់កម្រិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី