SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារពិភពលោក៖ កម្ពុជា អាចដើរតួសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន


ធនាគារពិភពលោក៖ កម្ពុជា អាចដើរតួសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន
ពាណិជ្ជកម្ម

2024-11-24

ទូច សូរិយា

ពាណិជ្ជកម្ម

2024-11-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា អាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

របាយការណ៍ថ្មីរបស់ធនាគារពិភពលោកចំណងជើងថា «ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន» បានឱ្យដឹងថា ការពឹងផ្អែកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើការនាំចេញ បានធ្វើឱ្យមានតម្រូវការខ្ពស់សម្រាប់ការធ្វើចរាចរណ៍ទំនិញក្នុងទំហំកាន់តែធំ និងកាន់តែមានប្រសិទ្ធផល នៅតាមបណ្តាញផ្លូវដឹកជញ្ជូនក្នុងផ្ទៃប្រទេស និងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។

របាយការណ៍ដដែលនេះ ក៏បានស្នើឱ្យមានការវិនិយោគជាអាទិភាព និងវិធានការគោលនយោបាយមួយចំនួន សម្រាប់កែលម្អការបំពេញមុខងាររបស់ប្រព័ន្ធដឹកជញ្ជូន ផ្លូវដី ផ្លូវដែក និងផ្លូវទឹកក្នុងផ្ទៃប្រទេស ឱ្យបានកាន់តែមានភាពប្រសើរឡើង។ ការសម្របសម្រួលល្អក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូននេះ នឹងជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើង បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ថែមទៀត។

ជាមួយគ្នានេះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា វិធានការដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា គឺជាការទាញយកសក្តានុពលនៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា ដែលនេះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពកម្ពុជាផ្ទាល់។ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់បន្ថែមទៀតថា អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជាឱ្យដើរតួ ជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត «ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» (CITLS) ដើម្បីបង្កើនមុខងារ និងប្រសិទ្ធផលនៃវិស័យដឹកជញ្ជូន និងគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី