2024-04-28
គិត បុប្ផា
2024-04-28
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា»។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដើម្បីស្វែងរកឱកាសក្នុងដំណើរអភិវឌ្ឍន៍គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការ ដែលចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថាន ERIA កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ មានគោលបំណងជួយកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា ដើម្បីពិភាក្សាទាក់ទងនឹងបរិវត្តកម្មបៃតង និងនវានុវត្តន៍ឌីជីថលផងដែរ។ ក្រៅពីការជួយកសាងសមត្ថភាពភាគីពាក់ព័ន្ធ ការចុះ MOU នេះ ក៏មានទិសដៅអនុញ្ញាតឱ្យមានការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា លើទិដ្ឋភាពហិរញ្ញប្បទានឌីជីថលបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។
គួរបញ្ជាក់ថា នាពេលកន្លងមកធនាគារជាតិ បានចូលរួមក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង ក្នុងក្របខ័ណ្ឌអន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សាជាមួយស្ថាប័នមួយចំនួនដូចជា ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (IGFWG), បណ្តាញសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (NGFS), ក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance), អង្គការ UNESCAP សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ លើសពីនេះ ធនាគារជាតិ ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង ព្រមទាំងបានក្លាយជាសមាជិក នៃគណៈកម្មការពិគ្រោះយោបល់សម្រាប់មូលនិធិបៃតងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២២ ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី