2024-11-04
ឃី ភារៈ
2024-11-04
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្តល់អាហារូបករណ៍ ៥០០កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ មានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ។
ចំពោះជំនាញ ដែលបេក្ខជនអាចជ្រើសរើស មានដូចជា៖ ទី១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០កន្លែង រួមមានជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ និងជំនាញសន្តិសុខសាយប័រ, ជំនាញវិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ និងជំនាញពាណិជ្ជកម្មអេឡិចត្រូនិក។ ទី២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០កន្លែង មានជំនាញវិស្វកម្មសុសវែរ វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ។ ទី៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣០កន្លែង មានជំនាញវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក និងវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ។
ទី៤. សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន ចំនួន ២០កន្លែង ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ទី៥. សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន១០កន្លែង ទៅលើមុខជំនាញសេដ្ឋកិច្ចឌីជីថល និងព័ត៌មានវិទ្យាធុរកិច្ច។ ចំណែកទី៦. សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ ចំនួន ២០០កន្លែង លើ៧ជំនាញ ដូចជា៖ ការគ្រប់គ្រងព័ត៌មានវិទ្យា/វិទ្យាសាស្ត្រកុំព្យូទ័រ, បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន, សន្តិសុខសាយប័រ, បញ្ញាសិប្បនិម្មិត, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការអភិវឌ្ឍសុសវែរ, ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន និងជំនាញអភិវឌ្ឍន៍ និងការរចនាកម្មវិធីអន្តរកម្ម។
ចំពោះលក្ខខណ្ឌ រួមមាន៖ បេក្ខជន និងបេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍, ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ ដែលមាននិទ្ទេសរួម A B ឬ C, ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ ផ្ទាល់មាត់ និងសិស្សដែលមានជីវភាពក្រីក្រមកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។
ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង អាចចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងតាមលេខទូរសព្ទ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។ រីឯបេក្ខជន ដែលចង់សិក្សានៅសាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ អាចចុះឈ្មោះប្រឡងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ តាមរយៈតំណភ្ជាប់ https://www.aupp.edu.kh/aupp-scholarships/techo-digital-talent-scholarship-application-form/ ត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព័ត៌មានបន្ថែម អាចទូរសព្ទទៅលេខ ០៩៣ ៣៦៦ ៦២៣/០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល [email protected] ។
តាមរយៈអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និស្សិតជ័យលាភី នឹងទទួលបានការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣ ១០០-២៤ ៧០០ដុល្លារ, កុំព្យូទ័រយួរដៃ ១គ្រឿង, ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ក្នុងរយៈពេលបួនឆ្នាំ នៃការសិក្សាដើម្បីធានាភាពជោគជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី