2024-11-01
ទូច សូរិយា
2024-11-01
ទូច សូរិយា
ភ្នំពេញ៖ ក្នុងព្រះរាជក្រឹត្យស្តីពី«គោរមងារឧកញ៉ា» ដែលឡាយព្រះហស្ដលេខា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បុគ្គលដែលមានគោរមងារឧកញ៉ាចំនួន ៣ លំដាប់ថ្នាក់ ដូចជា៖ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា គឺមិនតម្រូវឱ្យបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល ដូចអនុក្រឹត្យចាស់នោះទេ។
នៅក្នុងអនុក្រឹត្យចាស់ ដែលត្រូវបាននិរាករណ៍ អ្នកដែលមានគោរមងារឧកញ៉ា ដូចជា៖ លោកអ្នកឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំ ៤០០រយលានរៀល, អ្នកឧកញ៉ាបង់វិភាគទាន ៦០លានរៀល និងឧកញ៉ា ត្រូវបង់វិភាគទាន ៣២លានរៀល ជូនរាជរដ្ឋាភិបាល។ ចំពោះ គោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ ដូចមានចែងក្នុងមាត្រា ៨ នៃព្រះរាជក្រឹត្យថ្មី ដែលឡាយព្រះហស្ដលេខា ព្រះមហាក្សត្រ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ត្រូវផ្តល់ជូនរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណសម្បត្តិស្នាដៃ និងគុណបំណាច់ធំធេង ដែលបានចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ។
គុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ ក្នុងការចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ មានជាអាទិ៍ ការចូលរួម បរិច្ចាគធនធានជាថវិកា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬសម្ភារបរិក្ខារនានា សម្រាប់កិច្ចការសង្គមនិងការងារមនុស្សធម៌ ផ្សេងៗ ឬការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលក្នុងនោះ មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម និងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេស ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។ ចំពោះ ទំហំទឹកប្រាក់នៃការចូលរួមបរិច្ចាគធនធាន ឬសម្ភារបរិក្ខារនានាដូចខាងលើនេះ គឺជាកម្មវត្ថុនៃការផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។
ក្នុងមាត្រា៩ នៃព្រះរាជក្រឹត្យនេះ រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវផ្តល់គោរមងារ ឧកញ៉ា ត្រូវមានលក្ខណសម្បត្តិ រួមមាន៖ មានប្រវត្ដិរូបច្បាស់លាស់, មានកិរិយាមាយាទល្អ, ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់។ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានសិទ្ធិ និងកាតព្វកិច្ច មួយចំនួនដូចជា៖ ទទួលបាននូវការផ្តល់ងារជាកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំង ក្នុងមុខងារដែលមិនត្រូវបានហាមឃាត់ ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, អាចលើកសំណូមពរ ឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី